ភ្នំពេញ៖ បុរសម្នាក់បានតាំងខ្លួនជាកម្លាំងនគរបាលផ្នែកពន្លត់អគ្គិភ័យបានចូលផឹកស៊ីក្នុងហាងមួយកន្លែង ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយមិនបានគិតលុយឱ្យគេហើយថែមទាំងយកទូរស័ព្ទម្ចាស់ហាងរត់គេចទៅបាត់ទៀត កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។
បើតាមការផ្សាយរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុគ្គលខាងលើនេះ មិនមែនជាកម្លាំង ឬមន្ត្រី របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនោះទេ។
បុរសខាងលើនេះត្រូវបានឃាត់ខ្លួន នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដោយកម្លាំងនគរបាលខណ្ឌកំបូល ដោយបានធ្វើការស្រាវជ្រាវស្វែងរកបុគ្គលខាងលើ រហូតដល់ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដោយបានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ ឃាត់ខ្លួនយកមកសួរនាំនៅស្នាក់ការប៉ុស្តិ៍ ហើយក៏មានអ្នកសារព័ត៍មាន តាមទៅសម្ភាសន៍សួរនាំនៅមុខនោះផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលខណ្ឌកំបូល នាំយកទៅសាកសួរ និងកសាងសុំណំរឿងបន្តតាមនីតិវិធីច្បាប់៕






