កូរ៉េខាងត្បូង៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានបុករះរថយន្តជាង ៣០ គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុបអំឡុងម៉ោងធ្វើដំណើរដ៏មមាញឹកនាពេលព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា នៅឯទីក្រុង សឹងណាម (Seongnam) ភាគខាងត្បូងរដ្ឋធានីសេអ៊ូល ដោយបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស។
យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យខេត្ត ខ្យ៉ុងគី (Gyeonggi) បញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់ ៥៧ នាក់ត្រូវបានបញ្ជូនទៅព្យាបាលរបួស ដែលក្នុងនោះមានជនរងគ្រោះចំនួន ៩ នាក់ទទួលរងរបួសធ្ងន់ ប៉ុន្តែសំណាងល្អ ពុំមានអ្នករងគ្រោះណាម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដល់អាយុជីវិតនោះឡើយ។
ក្រុមមន្ត្រីពន្លត់អគ្គិភ័យ រាយការណ៍ថា រថយន្តក្រុងបង្កហេតុបានបុករថយន្តសរុបចំនួន ៣២ គ្រឿង មុននឹងជ្រុលល្បឿនទៅបុករបាំងចែកទ្រូងផ្លូវ ដោយរូបភាពពីកន្លែងកើតហេតុបានបង្ហាញពីរថយន្តក្រុងឡើងទើរលើរបាំងផ្លូវជាមួយនឹងកញ្ចក់ខាងមុខបែកខ្ទេច រួមទាំងរថយន្តជាច្រើនគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ។
លោក ប៉ាក ឆាងហ្គុន (Park Chang-gon) មន្ត្រីនគរបាលប្រចាំស្រុក ប៊ុនដាង (Bundang) ទីក្រុង Seongnam ឱ្យដឹងថា សមត្ថកិច្ចកំពុងធ្វើការសួរចម្លើយអ្នកបើកបររថយន្តក្រុង ដោយលទ្ធផលធ្វើតេស្តរកឃើញថាអ្នកបើកបរពុំមានជាតិស្រវឹងនោះទេ ហើយរូបគេបានឆ្លើយប្រាប់ក្រុមអ្នកស៊ើបអង្កេតថា គ្រោះថ្នាក់នេះបណ្តាលមកពីរថយន្តដាច់ហ្វ្រាំង៕







