ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន ២ខ្នង ដែលទទួលបានការឧបត្ថម្ភពីអង្គការភ្លែនអន្តរជាតិកម្ពុជា នៅបរិវេណវិទ្យាល័យបុរីអូរស្វាយសែនជ័យ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោក ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រតិភូ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
សមិទ្ធផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ រួមមាន៖១. អគារសិក្សាចំនួន ១ខ្នង មាន ៣បន្ទប់ នៅវិទ្យាល័យបុរីអូរស្វាយសែនជ័យ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។២. អគារសិក្សាចំនួន ១ខ្នង មាន ៣បន្ទប់ និងអគារអនាម័យចំនួន ១ខ្នង មាន ៣បន្ទប់ នៅសាលាបឋមសិក្សាហាងសាវ៉ាត ស្ថិតក្នុងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់វិស័យអប់រំ ព្រមទាំងវិស័យអាទិភាពជាច្រើនទៀតនៅក្នុងខេត្តស្ទឹងត្រែង។ ការគាំទ្រនេះបានឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងការជំរុញការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការបង្កើតបរិយាកាសសិក្សាដែលមានភាពល្អប្រសើរ សុវត្ថិភាព និងផាសុកភាពសម្រាប់សិស្សានុសិស្ស។
លោកអភិបាលខេត្ត ក៏បានណែនាំដល់គណៈអភិបាលក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សមិទ្ធផលដែលទទួលបានឱ្យមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព ដើម្បីធានាថាសំណង់ និងហេដ្ឋារចនាសម្ព័ន្ធទាំងនេះអាចបម្រើផលប្រយោជន៍ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងសហគមន៍បានយូរអង្វែង។ឯកឧត្តមបានគូសបញ្ជាក់ថា រាល់សមិទ្ធផលដែលកើតមានឡើង គឺជាផ្លែផ្កានៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ សមិទ្ធផលទាំងអស់ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួម ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមថែរក្សា និងប្រើប្រាស់ឱ្យចំគោលដៅ។
ថ្លែងក្នុងពិធីនេះ លោក ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានលើកឡើងថា វិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជាកត្តាកំណត់អនាគតរបស់ប្រទេសជាតិ។ ការវិនិយោគលើវិស័យអប់រំ មិនមែនគ្រាន់តែជាការសាងសង់អគារសិក្សា ឬការផ្ដល់សម្ភារៈសិក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគលើចំណេះដឹង ជំនាញ សមត្ថភាព និងសក្ដានុពលរបស់កុមារ និងយុវជន ដែលជាកម្លាំងបន្តវេនក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។
លោក ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង ក៏បានសង្កត់ធ្ងន់ថា ការសាងសង់អគារសិក្សា និងបន្ទប់អនាម័យនៅតាមសាលារៀន គឺជាផ្នែកមួយនៃការបង្កើតបរិស្ថានសិក្សាដែលមានសុវត្ថិភាព សុខភាពល្អ និងលើកទឹកចិត្តដល់ការសិក្សារបស់សិស្ស។ ជាពិសេស ការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូដូចជាអង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងការជំរុញការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោក ផៃ ប៊ុនឈឿន បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីអប់រំ លោកគ្រូ អ្នកគ្រូ មាតាបិតា និងសហគមន៍ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការជំរុញការសិក្សារបស់កុមារ កាត់បន្ថយការបោះបង់ការសិក្សា និងលើកកម្ពស់គុណភាពអប់រំ ព្រោះការអប់រំមានគុណភាព គឺជាគន្លឹះសម្រាប់កសាងធនធានមនុស្សដែលមានសមត្ថភាព ចំណេះដឹង ជំនាញ និងសីលធម៌ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។













