វៀតណាម៖ កាលពីម៉ោងប្រហែល ១០:៣០ នាទីព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា មានករណីផ្ទុះយ៉ាងកក្រើកនៅក្នុងហាងលក់/បញ្ចូលហ្គាសមួយកន្លែងតាមបណ្តោយផ្លូវ ប៊ូយ វ៉ាន់ បា (Bui Van Ba) សង្កាត់ តាន់ ធួន (Tan Thuan) ភាគខាងត្បូងទីក្រុងហូជីមិញ (Ho Chi Minh) បណ្តាលឱ្យបាក់រលំផ្ទះ ២ ខ្នងទាំងស្រុង និងខូចខាតផ្ទះ ៥ ខ្នងទៀត។ ឧបទ្ទវហេតុនេះបានសម្លាប់មនុស្ស ២ នាក់ ដោយបុរសអាយុ ៣៧ ឆ្នាំម្នាក់ស្លាប់នៅមន្ទីរពេទ្យ និងបុគ្គលិកហាងហ្គាសអាយុ ៥៥ ឆ្នាំម្នាក់ស្លាប់ក្រោមគំនរបាក់បែក ខណៈមនុស្ស ១២ នាក់ផ្សេងទៀតរងរបួស។
កម្លាំងផ្ទុះបានជះឥទ្ធិពលដល់លំនៅឋានក្នុងរង្វង់ប្រហែល ១០០ ម៉ែត្រ បង្កជាគំនរជញ្ជាំង និងផ្ទាំងបេតុងកម្ពស់ប្រមាណ ១០ ម៉ែត្រ ព្រមទាំងសង្កត់លើម៉ូតូជាច្រើនគ្រឿង។ ពលរដ្ឋក្បែរនោះឱ្យដឹងថា ហាងហ្គាសដែលបើកជិត ១០ ឆ្នាំមកនេះ តែងបញ្ចូលហ្គាសដាក់កំប៉ុងតូចៗជាប្រចាំ ហើយនៅម៉ោង ១ រសៀល អំឡុងពេលរុករក ក៏មានសំឡេងផ្ទុះដូចគ្រាប់បែក ២ លើកផ្ទួនៗគ្នាបន្ថែមទៀត។
ភ្លាមៗក្រោយកើតហេតុ អាជ្ញាធរទីក្រុងហូជីមិញបានបិទផ្លូវប្រវែងប្រមាណ ១ គីឡូម៉ែត្រ ដោយបញ្ជូនរថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះបន្ទាន់ជាង ១០ គ្រឿង រួមជាមួយរថយន្តស្ទូច និងអេស្កាវ៉ាទ័រ ដើម្បីរុះរើផ្ទាំងបេតុង និងជួយសង្គ្រោះជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ៕






