ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់បានលង់ទឹកស្លាប់ក្នុងស្រះក្បែរផ្ទះនៅគ្រាដែលជីដូននាំទៅលេងផ្ទះម្ដាយមីងហើយលោកយាយជាអ្នកមើលថែរវល់តែនិយាយលេងជាមួយអ្នកខាងទម្រាំតែដឹងគឺហួសពេលបាត់ទៅហើយ ។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិភូមិបង្គងឃ្មុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានបានបញ្ជាក់ថាហេតុការណ៍ក្មេងប្រុសលង់ទឹកស្រះស្លាប់ខាងលើនេះគឺក្មេងប្រុសរងគ្រោះមានឈ្មោះ គង់ ចាន់ដែន អាយុ០៧ឆ្នាំ មានទីនៅភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពបានបន្តថា មុនកើតហេតុលោកយាយរបស់ក្មេងប្រុសរងគ្រោះបាននាំចៅទៅលេងផ្ទះកូនប្រសាស្រី ស្ថិតនៅកន្លែងកើតហេតុ ខណះលោកយាយកំពុងជជែកគ្នាលេងជាមួយកូនប្រសាស្រី និងញាតិក្បែរខាង ចំណែកចៅរងគ្រោះបាននាំគ្នាលេងជាមួយក្មេងៗដទៃទៀត លុះប៉ុន្មានម៉ោងក្រោយមកបាត់ចៅរកពុំឃើញទើបនាំគ្នាឆោឡោដើររក ដោយមានការសង្ស័យនាំគ្នាចុះរាវក្នុងទឹកស្រះក្បែរនោះ ទើបឃើញចៅស្លាប់បាត់បង់ជីវិតបាត់ទៅហើយ បានត្រឹមនាំគ្រាទ្រហោយំប៉ុណ្ណោះ ។
ប្រភពបញ្ជាក់បន្ថែមទៀតថា សមត្ថកិច្ចនគរបាលសហការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងធ្វើកំណត់ហេតុលាយលក្ខណ៍អក្សរត្រឹមត្រូវ ទើបប្រគល់សពកុមារាជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕






