ព្រៃវែង៖ ស្ត្រីពោះធំគ្រប់ខែម្នាក់ឈឺពោះសម្រាលកូនត្រូវបានប្ដីដឹកតាមម៉ូតូសំដៅទៅកាន់មន្ទីរពេទ្យបង្អែកប៉ុន្តែដល់ពាក់កណ្ដាលផ្លូវ ក៏ឈឺពោះនិងឆ្លងទន្លេនៅចិញ្ចើមផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនាំគ្នារាយការណ៍ទៅសមត្ថកិច្ចជួយអន្តរាគមន៍ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអ្នកលឿងភ្លាមៗដើម្បីសង្គ្រោះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ៈ៤៥នាទីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ១ត្រង់ចំណុចក្បែរគល់ស្ពានអ្នកលឿនខាងកើតក្នុងភូមិ ជ័យឧត្តម ឃុំ ព្រែកខ្សាយ(ក) ស្រុក ពាមរក៍ ខេត្ត ព្រៃវែង ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលឈឺពោះឆ្លងទន្លេនៅតាមចិញ្ចើមផ្លូវនោះមានឈ្មោះ ឌី ចន្ធូ អាយុ២៨ ឆ្នាំ មានប្ដីឈ្មោះ ហឿន រ៉ាវី អាយុ៣៤ឆ្នាំអ្នកទាំងពីរមានទីលំនៅក្នុងភូមិអំពិលទឹក ឃុំ កំពង់ភ្នំ ស្រុក លើកដែក ខេត្តកណ្ដាល ។
បើតាមការរៀបរាប់របស់ប្ដីស្ត្រីខាងលើបានឲ្យដឹងថាប្រពន្ធរបស់គាត់បានឈឺពោះបម្រុងឆ្លងទន្លេ ទើបគាត់បានដឹកតាមម៉ូតូក្នុងបំណងទៅឆ្លងនៅក្នុងមន្ទីរពេទ្យបង្អែកអ្នកលឿងប៉ុន្តែនៅពេលធ្វើដំណើរមកដល់កណ្ដាលផ្លូវត្រង់ចំណុចកើតហេតុប្រពន្ធរបស់គាត់បានប្រាប់ថាឈឺពោះខ្លាំងណាស់ហើយទៅមិនដល់ទេឲ្យគាត់ឈប់ម៉ូតូដាក់ចុះរួចក៏សម្រាលកូនចេញនៅនឹងចិញ្ចើមផ្លូវតែម្ដង។
ដោយឡែកខាងសមត្ថកិច្ចបានឲ្យដឹងថាពេលដែលកំពុងប្រចាំការនៅតាមដងផ្លូវត្រង់ចំណុចរង្វង់មូលត្រីកោណស្រាប់តែមានអ្នកដំណើរមកប្រាប់ថាមានគេឆ្លងទន្លេនៅក្បែរគល់ស្ពានទើបលោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍បានដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុនិងបានជួយអន្តរាគមន៍ដឹកយកទាំងម្ដាយនិងកូន ទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកអ្នកលឿងភ្លាមៗតែម្ដង។
បច្ចុប្បន្នស្ត្រីខាងលើព្រមទាំងកូនមានសុវត្ថិភាពហើយនិងកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកអ្នកលឿងផងដែរ៕






