ខេត្តកំពង់ស្ពឺ ៖ បុរសយោធាម្នាក់សង្ស័យស្រវឹងស្រាហើយចុះងូតទឹកស្ទឹងលេងក៏លង់ទឹកក្នុងស្ទឹងព្រែកត្នោតបង្កឱ្យមានការភ្ញាក់ផ្អើលដល់មិត្តភក្តិជួយស្រង់ដែរប៉ុន្តែហួសពេលទៅហើយ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០២និង១០រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលដដែរបានបន្តថា បើយោងតាមការបំភ្លឺរបស់ឈ្មោះ សឿង សៅនី ភេទប្រុស អាយុ៤១ឆ្នាំមុខរបរលក់ដូរ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ បានរៀបរាប់បំភ្លឺជូនសមត្ថកិច្ចថា នៅមុនពេលកើតហេតុ វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ រូបខ្លួនកំពុងនៅហាងលក់បាយម្ហូបរបស់ខ្លួនស្ថិតក្នុងផ្សាររាត្រីកំពង់ស្ពឺ ក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោយមកជនរងគ្រោះបានជិះកង់មកដល់ហាងរបស់ខ្លួន ហើយបានសួររកក្រវិលកំពុងស្រាបៀរ បន្ទាប់មកឈ្មោះ សឿង សៅនី បានឱ្យក្រវិលកំប៉ុងទៅជនរងគ្រោះចំនួន៥ក្រវិលកំប៉ុង និងឱ្យលុយមួយម៉ឺនរៀល ក្រោយមកជនរងគ្រោះបានទៅដូរយកស្រាបៀរបានចំនួនប្រហែល១០កំប៉ុង បន្ទាប់មកបានអង្គុយហូបស្រាបៀរនោះនៅហាងរបស់ខ្លួន អស់ចំនួន៨កំប៉ុងម្នាក់ឯង។ ចំណែកឯមិត្តភក្តិផ្សេងទៀតដែលនៅទីនោះសរុបទាំងអស់មានគ្នាចំនួន៤នាក់ ក៏អង្គុយហូបបាយនៅក្នុងហាងនោះដែរ។ លុះរហូតមកដល់វេលាម៉ោង ០១ និង៣០នាទីរសៀលថ្ងៃទី២៣ ខែមេសា ដដែល ជនរងគ្រោះបានប្រាប់ខ្លួននិងមិត្តភក្តិផ្សេងទៀតថា ខ្លួនទៅនោមបន្តិចក្រោយមកជនរងគ្រោះក៏បានដើរចុះទៅខាងក្រោមច្រាំងមាត់ស្ទឹងព្រែកត្នោត មួយសន្ទុះក្រោយមក ឈ្មោះសឿង សៅនី និងមិត្តភក្កិផ្សេងទៀត បានឃើញជនរងគ្រោះកំពុងហែលក្នុងទឹកស្ទឹងព្រែកត្នោត ពីទិសខាងត្បូងទៅទិសខាងជើង ដល់ចំណុចពាក់កណ្ដាលស្ទឹង ហើយបានលើកដៃលាបាយៗ មិត្តភក្កិថែមទៀតផងក្រោយមកក៏លិចចូលក្នុងទឹកស្ទឹងព្រែកត្នោតបាត់ទៅ។បន្ទាប់មកឈ្មោះ សឿង សៅនី និងមិត្តភក្កិផ្សេងទៀត បាននាំគ្នាជិះម៉ូតូទៅប្រាប់ឪពុកម្ដាយនិងក្រុមគ្រួសាររបស់ជនរងគ្រោះ ហើយឈ្មោះសឿង សៅនី មិត្តភក្តិបាននាំគ្នាចុះរាវរកជនរងគ្រោះក្នុងស្ទឹងព្រែកត្នោត ប្រហែលជា២០នាទីក្រោយមក ក៏បានរកឃើញជនរងគ្រោះក្នុងសភាពសន្លប់ស្ដូកស្ដឹងបាត់ទៅហើយ។ ភ្លាមៗនោះក្រុមគ្រួសារក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប៉ុន្តែនៅពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ក្រុមគ្រួសារថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។







