ភ្នំពេញ៖ បុរស២នាក់ បានបែកក្បាលស្លាប់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ប៉ះកៀរជាមួយរបាំងថ្មពុះចែកផ្លូវ ចំណែកម៉ូតូត្រូវបានខ្ទាតឆ្ងាយពីសពជិត២០០ម៉ែត្រ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅជាប់របងខាងមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាគេបានឃើញបុរសរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាក Suzuki Nex ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1JB-7324 ឌុបគ្នាតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បន្ទាប់មកគេបានឃើញរថយន្តពណ៌ខ្មៅ១គ្រឿង មិនចាំម៉ាក បានបើកបរក្នុងល្បឿនស្របទិសគ្នាពីក្រោយម៉ូតូ លុះមកដល់ចំណុចកើតហេតុ បុរសទាំង២នាក់ក៏ស្រាប់តែប៉ះកៀរជាមួយទ្រូងផ្លូវ រួចធ្លាក់ពីលើម៉ូតូបោកក្បាលស្លាប់ ខណ:ម៉ូតូបានខ្ទាតទៅឆ្ងាយពីសពជិត ២០០ម៉ែត្រ ចំណែករថយន្តដែលដេញតាមពីក្រោយក៏បានបើកចេញពីទីតាំងកើតហេតុបាត់ទៅ។
ប្រភពពីពលរដ្ឋជុំវិញទីតាំងកើតហេតុ បានឲ្យដឹងថា គេសង្ស័យរថយន្តខាងលើព្យាយាមដេញបុកម៉ូតូ ទើបបណ្តាលឲ្យភាគីខាងម៉ូតូដួលស្លាប់ ប៉ុន្តែម៉ូតូបែជាខ្ទាតឆ្ងាយពីសពរហូតជិត ២០០ម៉ែត្រ និងពុំមានស្នាមរថយន្តបុកនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំក្រុមគ្រួសារសពមកទទួល។ ចំណែកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ៕







