អាមេរិក ៖ មានការផ្ទុះអាវុធដ៏សាហាវមួយបានកើតមានថ្មីទៀតហើយក្នុងរដ្ឋល្វីហ្សាណា សហរដ្ឋអាមេរីក កាលពីចុងសប្ដាហ៍កន្លងមកនេះ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ៨នាក់បានត្រូវស្លាប់ដោយគ្រាប់កាំភ្លើងក្នុងអំពើហិង្សារវាងគ្រួសារ។ នេះជាសេចក្ដីរាយការណ៍កាលពីថ្ងៃទី១៩ មេសា របស់អាជ្ញាធរទីក្រុងSHREVEPORT ដែលជាទីក្រុងសំខាន់មួយ នាភាគខាងជើងរដ្ឋល្វីហ្សាណា។
ប៉ូលិសនៅតំបន់នោះបានគូសបញ្ជាក់ថា បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីអំពើហិង្សា កាលពីព្រឹកថ្ងៃទី១៩ មេសា ប៉ូលិសបានចេញធ្វើអន្តរាគមន៍ និងបានប្រទះឃើញមនុស្សស្លាប់ក្នុងផ្ទះ២ ហើយផ្ទះទី៣មួយទៀតក៏ជាប់ការស៊ើបអង្កេតដែរ ។ ប៉ូលិសបន្តថា មនុស្សយ៉ាងតិច១០នាក់ ត្រូវគ្រាប់កាំភ្លើងនាយប់ថ្ងៃទី១៨ មក១៩ មេសា ក្នុងអំពើហិង្សាទាំងនេះ ក្នុងនោះ ៨នាក់ស្លាប់ដែលពួកគេសុទ្ធតែជាកុមារមានអាយុពី១ឆ្នាំ ទៅ១៤ឆ្នាំ។
ខ្មាន់កាំភ្លើងដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណ ក្រោយការបាញ់ប្រហារបានរត់គេចខ្លួនហើយត្រូវប៉ូលិសដេញតាម និងចាប់រថយន្តដែលគេបើករត់។ ប៉ូលិសអះអាងថាខ្មាន់កាំភ្លើងនោះត្រូវបានប៉ូលិសបាញ់សម្លាប់ តែអភិបាលក្រុងលោកTOM ARSENEAUX អះអាងថា លោកមិនដឹងច្បាស់ដែរថាតើខ្មាន់កាំភ្លើងរូបនោះត្រូវប៉ូលិសបាញ់ស្លាប់ឬមួយគេបាញ់សម្លាប់ខ្លួនឯង៕






