តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។
បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ គឺជនដៃដល់ឈ្មោះ ប៉ាង សុបិន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ឃាត់ខ្លួនបានកាលពីវេលាម៉ោង៣:៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
សូមរំលឹកថា កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីឃាតកម្មមួយដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ាង សុបិន បានទាញពូថៅកាប់លើបងស្រីបង្កើត ឈ្មោះ ប៉ាវ សុខន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងក្មួយប្រុសឈ្នោះ ម៉ោង សីម៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ បណ្ដាលឱ្យស្លាប់ទាំង២នាក់ម្ដាយកូន យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមរួចព្យាយាមគេចខ្លួន។
បើតាមការបំភ្លឺពីសាច់ញាតិជនរងគ្រោះបញ្ជាក់ទៀតថា មូលហេតុ គឺមានការគុំគួនស្អប់ និងធ្លាប់មានទំនាស់ពាក្យសម្ដីបន្តិចបន្តួច ហើយជនដៃដល់ធ្លាប់បោកទូរស័ព្ទដៃបងស្រីចោលទៀតផង។ ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង៕




